គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

ព្រឹត្តិការណ៍រត់សហគមន៍ ផ្លូវកោះកេរ ដើម្បីអបអរសាទរប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះវិហារ ដែលមានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវហារ បានសហការជមួយអាជ្ញាធរជាតិព្រះវិហារ រៀបចំព្រឹត្តិការណ៍ “ រត់សហគមន៍ ផ្លូវកោះកេរ ” ដើម្បីអបអរ សាទរខួប ២ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក (១៧ កញ្ញា ២០២៤-១៧ កញ្ញា ២០២៥) ក្រោមអធីបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ព្រឹត្តិការណ៍រត់តាមតម្រាយផ្លូវជុំវិញប្រាសាទកោះកេរមានចម្ងាយ ៩គីឡូម៉ែត្រខាងលើនេះ រៀបចំឡើងនៅក្នុងតំបន់រមណីដ្ឋានប្រាសាទកោះកេរ ស្ថិតនៅក្នុងភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមបាល់ទាត់មនុស្សធម៌ និងបងប្អូនប្រជាពលរដ្ឋចូលរួមជាង ១០០០នាក់។

ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអបអរសាទរខួប ២ ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣-១៧ កញ្ញា ២០២៥ ដើម្បីបង្ហាញពីការគាំទ្រ និងការចូលរួមក្នុងការថែរក្សាបេតិកភណ្ឌជាតិ។

ការចូលរួមយ៉ាងច្រើនកុះករ នៅក្នុងព្រឹត្តិការណ៍នេះ គឺពិតជាបានបង្ហាញឱ្យឃើញអំពីកម្លាំងមហាសាមគ្គី គ្រួសារខ្មែរ ក្នុងស្មារតីខ្មែរតែមួយ ដែលមានថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជនគ្រប់ស្រទាប់បានរួបរួមគ្នា ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ស្រឡាញ់សន្តិភាព ស្រឡាញ់ការពារសម្បត្តិបេតិកភ័ណ្ឌ ពិភពលោក ស្រឡាញ់វប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ជាតិខ្មែរ។ ស្មារតីស្នេហាជាតិនេះ គឺជាកម្លាំងដ៏មុតស្រួចក្នុងការគាំទ្រ រាជរដ្ឋាភិបាល និងកងកម្លាំងសមរភូមិមុខកម្ពុជា ក្នុង កិច្ចការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងជាសារមួយដែលបញ្ជាក់ថា កម្លាំងសាមគ្គី នៃមហាគ្រួសារខ្មែរ គឺជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបាន!, ឆន្ទៈ មនសិការ និងស្មារតីមុះមុត របស់យុវជន គឺជាឫសគល់នៃថាមពលអភិវឌ្ឍន៍ជាតិ

នៅក្នុងការលៈទេសៈ ដែលមានការរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់កម្ពុជា ពីសំណាក់កងទ័ពសៀម នៅតាមបណ្ដោយព្រំដែន គឺមានតែកម្លាំងរួមរួមប្រមូលផ្ដុំរបស់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ ស្មារតីស្រឡាញ់សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ការពារសិទ្ធិ និងផលប្រយោជន៍សង្គមជាតិ ការងារមនុស្សធម៌ លើកស្ទួយវប្បធម៌ អរិយធម៌ និង កិត្យានុភាពជាតិខ្មែរ។

ជាមួយគ្នានោះផងដែរ អង្គពិធីទាំងមូលបានសម្តែងនូវការដឹងគុណូបការៈដ៏ធំធេងបំផុត ចំពោះ វីរយុទ្ធជន ដែលជា កងទ័ព និងកងនគរបាលជាតិជួរមុខ របស់កម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ពលីកម្មនៅក្នុងសមរភូមិ និងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងសម្តែងការដឹងគុណដ៏ជ្រាលជ្រៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាអគ្គមគ្គុទេសក៏ ដ៏ឆ្នើមនាំមកនូវសន្តិភាព ការពារអធិបតេយ្យជាតិ បូរណភាពដែនដី រក្សានូវភាពអត់ធ្មត់ គោរពវិគោលការណ៍ច្បាប់អន្តរជាតិ ក្នុងការស្វែងរកការចរចារ និងមាន កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីសន្តិភាព ផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្ត ដល់ប្រជាជនខ្មែរគ្រប់រូប។

សូមអំពាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ យុវជន យុវនារីទាំងអស់ បន្ទាប់ពីចប់ពិធីនេះ សូមបន្តទស្សនាកម្សាន្ត រមណីយដ្ឋានប្រាសាទ កោះកេរ របស់យើងទាំងអស់គ្នា។ ខេត្តព្រះវិហារ រង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរ​កំសាន្តមកកាន់ទឹកដីខេត្តព្រះវិហារ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូម អញ្ជើញមកទស្សនាប្រាសាទកោះកេរ ឬមកដំណើរកម្សាន្តក្នុងខេត្តព្រះវិហារ យ៉ាងតិច ឱ្យបានម្ដង ក្នុងម្នាក់…! សូមអបអរសាទរ…!

នៅទីបញ្ចប់ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីវត្ថុ សក្កិសិទ្ធិទាំងឡាយក្នុងលោក បារមីលោកតាឌី បារមីលោកឪសួង សូមប្រោះព្រំប្រសិទ្ធិពរ ជ័យសិរីមហាប្រសើរ ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា និងភ្ញៀវកិត្តិយសទាំងអស់ ​ សូមជួបតែនឹងសិរីសួស្តី ជ័យមង្គល វិបុលសុខ និងសមប្រកប តែនឹងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមឱ្យស្មារតីស្នេហាជាតិ ស្មារតីសាមគ្គីភាព ស្មារតីខ្មែរតែមួយ ស្ថិតនៅក្នុងបេះដូង របស់យើង ទាំងអស់គ្នាជានិច្ចនិរន្តរ៍!

១៧ កញ្ញា ២០២៥