


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារនាំយកព្រះរាជអំណោយ និងអំណោយអោយ រួមមាន៖
-ព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមានគ្រឿងឧបភោគបរិភាគ, កោដ្ឋ, និងបច្ច័យចំនួន ១០លានរៀល។
-អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាបច្ច័យចំនួន ១០លានរៀល។
ដេីម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកស្រី ចាន់ សុខរ៉ា ត្រូវជាកូនរបស់វីរៈយុទ្ធជន ចាន់ សូ ជាទាហានជួរមុខនៅទិសមុំបី នៅកន្លែងបុណ្យសព ក្នុងវត្តទួលអណ្តែត ទីរួមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងពិធីដ៏ក្តុកក្តួលនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី ចាន់ សុខរ៉ា បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ការអញ្ជើញចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លានេះ គឺពិតជាបានសបញ្ជាក់ឱ្យឃៀញអំពី ទឹកព្រះទ័យដ៏មហាថ្លៃថ្លារបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើសុខទុក្ខរបស់កងទ័ពដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងរក្សាសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ក្នុងនាមអាជ្ញាធរខេត្តព្រះវិហារ ឯកឧត្ដមនឹងបន្តយកចិត្តទុកដាក់ដោះស្រាយនូវរាល់បញ្ហា និងតម្រូវការចាំបាច់របស់បងប្អូនកងទ័ព ក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីធានាបាននូវសុខុមាលភាព និងភាពកក់ក្តៅជូនពួកគាត់ជានិច្ច។
ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រគល់ជូនក្រុមគ្រួសារសព រួមមានសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកគ្រួសារនៅពេលជួបទុក្ខ ដែលនេះមិនត្រឹមតែជាការចូលរួមរំលែកទុក្ខនោះទេ ប៉ុន្តែក៏ជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់ក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកដ៏មានតម្លៃរបស់ខ្លួន។
សកម្មភាពដ៏ប្រពៃខាងលើនេះ គឺពិតជាបានផ្ដល់នូវភាពកក់ក្តៅបំផុត និងបង្ហាញពីការរួបរួមសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងការចូលរួមរំលែកទុក្ខគ្នាទៅវិញទៅមក ជាពិសេសក្នុងគ្រាមានទុក្ខលំបាក និងរងនូវការរំលោភបំពានពីសំណាកកងទ័ពថៃឈ្លានពាន។








