គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត អញ្ជើញចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកត្បែងមានជ័យ

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកត្បែងមានជ័យ នៅសាលប្រជុំសាលាស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរភូមិ ឃុំទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ការងារ អភិវឌ្ឍន៍នៅមូលដ្ឋាន និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រហូតសម្រេច បានលទ្ធផលល្អប្រសើគួរឱ្យកត់សម្គាល់ ជាពិសេសគឺ ស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសជាតិ យើងរងនូវផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានរបស់កងទ័ពថៃ ក្នុងនាមជាសមរភូមិក្រោយ បានខិតខំចូលរួមគាំទ្រកម្លាំងសមរភូមិមុខ និងជួយដោះស្រាយការស្នាក់នៅ អាហារបរិភោគ សម្ភាចាំបាច់ និងគិតគូពីសុខុមាលភាពរបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព និង តាមផ្ទះសាច់ញាតិ។ 

ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងនូវការដឹងគុណូបការៈដ៏ធំធេងបំផុត ចំពោះ វីរកងទ័ព ជួរមុខរបស់យើង ដែលបានពលី និងបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការឈរជើងយ៉ាង អង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងសម្តែងការដឹងគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែល ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម នាំមកនូវសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពដែនដី កិត្យានុភាពជាតិ រក្សានូវភាពអត់ធ្មត់ គោរពវិគោលការណ៍ ច្បាប់អន្តរជាតិ ស្វែងរកការចរចារ ដើម្បីសន្តិភាព ផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ ប្រជាជនខ្មែរគ្រប់រូប។ យើងគ្រប់ៗរូប បេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ក្នុងបុព្វហេតុជាតិមាតុភូមិ។

គោលបំណងសំខាន់ៗ នៃការជួបសំណេះសំណាលនាពេលនេះ មិនត្រឹមតែជាការសួរសុខទុក្ខប៉ុណ្ណោះទេ ប៉ុន្តែ ខ្ញុំសូម យកឱកាសនេះ ដើម្បីធ្វើការផ្សព្វផ្សាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពី ការផ្ទរភារកិច្ចរបស់ លោក នុត សោភ័ណ ពីអភិបាលស្រុកត្បែងមានជ័យ ឱ្យទៅបំពេញការងារនៅសាលាខេត្តព្រះវិហារ ក្រោយពីបានបញ្ចប់អាណត្តិការងាររយៈពេល ៨ឆ្នាំ ដោយអនុវត្តតាមគោលការណ៍ច្បាប់ នៅ ក្នុងមាត្រា១៤៧ នៃច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ កន្លមកនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលលោក នុត សោភ័ណ្ឌ បាន កសាងក្នុងនាមជាអភិបាលស្រុកត្បែងមានជ័យ ដែលបានកសាងកន្លងមក។

ដើម្បីធានានិរន្តរភាពក្នុងការដឹកនាំ និងសម្របសម្រួលការងាររដ្ឋបាល និងការបម្រើសេវា ជូនប្រជាពលរដ្ឋ ស្របតាមគោលការច្បាប់ នៅក្នុងអំឡុងពេលដែល មិនទាន់មានការតែងតាំង អភិបាលស្រុកថ្មីជំនួស ក្រសួងមហាផ្ទៃបានចេញប្រកាសប្រគល់សិទ្ធិជូន លោក សុខ មុន្នីរិទ្ធ ជាអភិបាលស្រុកស្ដីទី។ ហេតុនេះ ក្នុងនាមជាអភិបាលស្រុកស្ដីទី ដែលជាអម្រែកមួយបន្ថែម មួយកម្រិតទៀត សូមលោក សុខ មុន្នីរិទ្ធ  បន្ថែមនូវការពង្រឹងការអនុវត្តតួនាទី ភារកិច្ច  និង ការទទួលខុសត្រូវ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងរៀបចំលក្ខណសម្បត្តិនានា បន្តខិតខំ កសាងសមត្ថភាព និងការអភិវឌ្ឍខ្លួនឱ្យបានពេញលេញ ដើម្បីជួយការងាររដ្ឋបាលស្រុក ឱ្យកាន់តែ មានប្រសិទ្ធភាព និងការអភិវឌ្ឍរីកចម្រើនថែមទៀត។

មុននឹងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានផ្ដល់នូវអនុសាសន៍ផ្តាំផ្ញើមួយចំនួន ជូនក្រុមប្រឹក្សា គណៈអភិបាល ស្រុក ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរឃុំ ភូមិទាំងអស់ដូចខាងក្រោម៖

  • បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងរបៀបរបបបំពេញការងារ ខ្សែគណនេយ្យភាព ផ្ទៃក្នុង និងទំនាក់ទំនងល្អ រវាងក្រុមប្រឹក្សា គណៈ អភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បណ្ដាអង្គភាពនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការ រួបរួមដោះស្រាយ និងឆ្លើយតបតម្រូវការ ឱ្យមានប្រសិទ្ធភាពខ្ពស់។
  • សូមយកចិត្តទុកដាក់ រៀបចំផែនការគ្រោះមហន្តរាយ ដើម្បីត្រៀមខ្លួនឆ្លើយតប នានា ក្នុងករណីខ្យល់កន្រ្តាក់ ទឹកជំនន់ ផ្ទុះជំងឺឆ្លង ជាពិសេសសេសគឺ រៀបចំ គ្រប់គ្រងទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីបង្ការករណីបន្ទាន់។
  • ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ គោរពខ្សែគណនេយ្យភាព របៀបរបបំពេញកាងារ គោរពវិន័យ និងអនុវត្តតាមសហលក្ខ័ន្តិកៈមន្រ្តីរាជការស៊ីវិល និងលក្ខ័ន្តិកៈបុគ្គិលិករដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានខ្ជាប់ខ្ជួន។
  • លើកទឹកចិត្ត ជំរុញផ្សព្វផ្សាយ និងបណ្ដុះវប្បធម៌សន្តិភាព សីលធម៌សង្គម ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការផ្សព្វផ្សាយព័ត៌មាន ឬសកម្មភាព ផ្សេងៗ ក្នុងនាមជាមន្រ្តីមខងារសាធារណៈស្អាតស្អំ ថ្លៃថ្នូរ និងជាគម្រូ។
  • ពង្រឹងការអនុវត្ត “គោលនយោបាយភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព” ជាពិសេសគឺ ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់តាមដងផ្លូវ ការងារផ្ដល់សេវានានា រួមទាំងសេវាសាធារណៈ សេវារដ្ឋបាល និងសេវាសង្គម ការអនុវត្តការងារ ផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៅស្រុក និងយន្តការការិយាល័យ ច្រកចេញ ចូលតែមួយនៅឃុំ ឱ្យបានឆាប់រហ័យ តម្លាភាព ជឿជាក់ និងឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
  • ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តខ្ពស់ និងការសាមគ្គីផ្ទៃក្នុងរឹងមាំ ដើម្បីសម្រេចបាននូវគោលដៅរួម ក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍមូលដ្ឋានឲ្យមានភាពរីកចម្រើន។ ឯកឧត្តមបានផ្តាំផ្ញើឲ្យមន្ត្រីរាជការទាំងអស់ត្រូវខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តខ្ពស់ និងការសាមគ្គីផ្ទៃក្នុងរឹងមាំ ដើម្បីសម្រេចបាននូវគោលដៅរួម ក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍមូលដ្ឋានឲ្យមានភាពរីកចម្រើន។ ឯកឧត្តមបានផ្តាំផ្ញើឲ្យមន្ត្រីរាជការទាំងអស់ត្រូវខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

នៅទីបញ្ចប់ ឯកឧត្តមគណៈអធិបតីបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បារមីលោកតាឌី បារមីលោកឪសួង សូមតាមជួយបីបាច់ថែរក្សា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុម គ្រួសារ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងជួរមុខ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំ ងនៅទីនេះ សូមបានប្រកបដោយសេចក្ដីសុខសុវត្ថិភាព និងជួបប្រទះតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 

សូមបួងសួងឱ្យកម្ពុជាមានសុខសន្តិភាព និងវិលមកវិញនូវប្រក្រតីភាព នៅតាមព្រំដែន!

សូមឱ្យស្មារតីមោទនភាពជាតិ ស្មារតីសាមគ្គីភាព ស្មារតីខ្មែរតែមួយ ស្ថិតនៅក្នុងបេះដូង របស់យើង ទាំងអស់គ្នាជានិច្ចនិរន្តរ៍!

សូមឱ្យមានការដោះលែងវីរយុទ្ធជនរបស់យើងទាំង ១៨រូប បានវិលត្រឡប់មកជួបជុំ ក្រុមគ្រួសារវិញ ឆាប់ៗនេះ!

០២ កញ្ញា ២០២៥