




ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាបាល់ទះមិត្តភាពផ្នែកបុរស និងនារី នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ព្រឹត្តិការណ៍ប្រកួតកីឡានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងស្មារតីសាមគ្គីភាព និងសុខដុមរមនារវាងយុវជន និងប្រជាពលរដ្ឋក្នុងសហគមន៍។ កីឡាត្រូវបានគេទទួលស្គាល់ថា ជាកម្លាំងដ៏ខ្លាំងក្លាមួយ ក្នុងការបង្រួបបង្រួមមនុស្សគ្រប់មជ្ឈដ្ឋាន។ លើសពីការប្រកួតប្រជែងដើម្បីជ័យជម្នះ កីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ ភាពស្មោះត្រង់ ការគោរព និង ការយោគយល់គ្នា។ ស្របតាមទស្សនៈនេះ យើងបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាមិត្តភាពបុរស នារី ក្រោមប្រធានបទ “កីឡាដើម្បីសន្តិភាព” ដែលមានគោលបំណងចម្បងដូចជា៖
- ពង្រឹងទំនាក់ទំនងរវាងគ្នា: ការចូលរួមលេងកីឡាជាមួយគ្នា នឹងជួយបង្កើតឱកាសឲ្យយុវជន និងប្រជាពលរដ្ឋស្គាល់គ្នា ធ្វើការជាមួយគ្នាជាក្រុម និងកសាងមិត្តភាពរឹងមាំ ដែលនាំឲ្យមានទំនាក់ទំនងល្អក្នុងសហគមន៍។
- លើកកម្ពស់សុខភាពរាងកាយ និងផ្លូវចិត្ត: សកម្មភាពកីឡាជួយលើកកម្ពស់សុខភាព និងកាត់បន្ថយភាពតានតឹង ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរស់នៅប្រកបដោយគុណភាព ជាពិសេសក្នុងកាលៈទេសៈ ដែលត្រូវបានភៀសសឹកកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើមនេះ។
- បង្កើតស្មារតីយល់ចិត្ត និងអធ្យាស្រ័យ: តាមរយៈការប្រកួត យើងទាំងអស់គ្នានឹងបានរៀនពីរបៀបទទួលស្គាល់ជ័យជម្នះ និងភាពបរាជ័យដោយសុទិដ្ឋិនិយម គោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវច្បាប់នៃការលេង ដែលនេះជាមូលដ្ឋានគ្រឹះនៃសន្តិភាព។
- វិន័យ: វិន័យដែលបានមកពីការហ្វឹកហាត់ទៀងទាត់ និងការគោរពច្បាប់ នឹងបង្រៀនយុវជនឲ្យចេះគោរពច្បាប់សង្គម និងមានទំនួលខុសត្រូវចំពោះខ្លួនឯង និងមាតុភូមិ។
- ការអត់ធ្មត់ និងការតស៊ូ: កីឡាបានបណ្ដុះឲ្យយុវជនចេះអត់ធ្មត់ តស៊ូជំនះរាល់ឧបសគ្គ ដែលជាគុណសម្បត្តិដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។
- ការធ្វើការជាក្រុម: តាមរយៈកីឡា យើងបានរៀនថា ជ័យជម្នះមិនអាចសម្រេចបានដោយឯកជននោះទេ តែត្រូវតែមានការសហការគ្នាយ៉ាងស្អិតរមួត។ ស្មារតីនេះជួយបង្រៀនយុវជនឲ្យយល់ដឹងពីសារៈសំខាន់នៃការរួមគ្នាធ្វើការដើម្បីផលប្រយោជន៍ជាតិ។
បន្ទាប់ពីបានប្រគល់ពានរង្វាន់ និងមេដាយ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការផ្ដាំផ្ញើរ និងកោតសរសើរចំពោះកីឡាករ កីឡាការិនីទាំងអស់ដែលបានខិតខំប្រឹងប្រែងបង្ហាញទេពកោសល្យ និងស្មារតីកីឡាពិតប្រាកដ។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃវិស័យកីឡាក្នុងការលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងចូលរួមចំណែកកាត់បន្ថយបញ្ហាសង្គមនានា។យើងសូមអញ្ជើញសាធារណជន ជាពិសេសយុវជន យុវនារីទាំងអស់ ចូលរួមជាកីឡាករ កីឡាការិនី ឬចូលរួមគាំទ្រព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ការចូលរួមរបស់អ្នក គឺជាចំណែកមួយដ៏ធំធេងក្នុងការកសាងសហគមន៍មួយ ដែលពោរពេញដោយសាមគ្គីភាព សុខដុមរមនា និងសេចក្ដីសុខ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានផ្តល់រង្វាន់ដល់ក្រុមដែលទទួលបានជ័យលាភី ដើម្បីលើកទឹកចិត្តដល់ពួកគេក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាព និងចូលរួមក្នុងសកម្មភាពកីឡាផ្សេងៗទៀតនាពេលអនាគត។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត កីឡាក កីឡាការនី ក្រុមការងាររៀបចំ និងប្រជាពលរដ្ឋ សមាជិក សមាជិកាទាំងអស់ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បារមីលោកតាឌី បារមីលោកឪសួង សូមតាមជួយបីបាច់ថែរក្សា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុម គ្រួសារ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងជួរមុខ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំ ងនៅទីនេះ សូមបានប្រកបដោយសេចក្ដីសុខសុវត្ថិភាព និងជួបប្រទះតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបួងសួងឱ្យកម្ពុជាមានសុខសន្តិភាព និងវិលមកវិញនូវប្រក្រតីភាព នៅតាមព្រំដែន!
សូមឱ្យស្មារតីមោទនភាពជាតិ ស្មារតីសាមគ្គីភាព ស្មារតីខ្មែរតែមួយ ស្ថិតនៅក្នុងបេះដូង របស់យើង ទាំងអស់គ្នាជានិច្ចនិរន្តរ៍!
សូមឱ្យមានការដោះលែងវីរយុទ្ធជនរបស់យើងទាំង ១៨រូប បានវិលត្រឡប់មកជួបជុំ ក្រុមគ្រួសារវិញ ឆាប់ៗនេះ!
០១ កញ្ញា ២០២៥
















