






ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំរៀបចំព្យុះហយាត្រា “ដើរដើម្បីសន្តិភាព” នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ព្យុះហយាត្រាដ៏មានអត្ថន័យនេះ ធ្វើឡើងក្នុងស្មារតីស្នេហាជាតិ ដើម្បីបង្ហាញពីបេះដូងខ្មែរតែមួយ ដែលស្រឡាញ់សន្តិភាព ស្រឡាញ់ជាតិមាតុភូមិ និងស្រឡាញ់ទឹកដីរបស់ខ្លួន។ ព្រមជាមួយគ្នានេះ ក៏ជាការបង្ហាញទៅកាន់សហគមន៍អន្តរជាតិឱ្យបានដឹងថា ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយមិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ។
ប្រជាជនខ្មែរទាំងអស់ សូមអំពាវនាវទាមទារឱ្យមានការដោះលែងវីរយុទ្ធជនទាំង ១៨ រូប ដែលត្រូវបានកងទ័ពសៀមចាប់ខ្លួនខុសច្បាប់ក្រោយបទឈប់បាញ់។ សូមឱ្យវីរយុទ្ធជនទាំងនោះបានវិលត្រឡប់មកកម្ពុជាវិញ និងសូមឱ្យមានភាពប្រក្រតីឡើងវិញនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
នៅក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់មន្រ្តីរាជការ កងកម្លាំង ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកយ៉ាងច្រើនកុះករប្រមាណជាង ៣.២០០នាក់ ដែលមព បានបង្ហាញពី ស្មារតីស្នេហាជាតិ និងបេះដូងខ្មែរតែមួយ ដែលស្រឡាញ់សន្តិភាព ស្រឡាញ់ជាតិមាតុភូមិ និងស្រឡាញ់ទឹកដីរបស់ខ្លួន។ ការដើរដើម្បីសន្តិភាពមិនត្រឹមតែជាការជួបជុំគ្នាដើរហាត់ប្រាណដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាការបញ្ជាក់ឲ្យ សហគមន៍អន្តរជាតិ ឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការសន្តិភាព មិនចង់ឃើញសង្គ្រាម ការឈ្លានពាន ឬជម្លោះណាមួយឡើយ។
ព្រះរាជាណាចក្រកម្ពុជាយើង គឺជាប្រទេសតូចមួយ ប៉ុន្តែមានតម្លៃដ៏ធំសម្រាប់ពលរដ្ឋខ្មែរទាំងអស់។ ដូច្នេះ ការរួមគ្នារក្សាសន្តិភាព គឺជាការការពារជាតិ និងជាពលកម្មដ៏សំខាន់ក្នុងការពង្រឹងអនាគតប្រកបដោយសុភមង្គល។
បងប្អូនប្រជាពលរដ្ឋខ្មែរទាំងមូលដែលចូលរួមក្នុងព្រឹត្តិការណ៍នោះ បានលើកពាក្យស្លោក និងស្រែកជ័យឃោស ក្នុងអត្ថន័យ សូមអំពាវនាវទាមទារ ឱ្យមានការដោះលែងវីរយុទ្ធជនខ្មែរទាំង ១៨ រូប ដែលត្រូវបានកងទ័ពសៀមចាប់ខ្លួនខុសច្បាប់ក្រោយពេលមានបទឈប់បាញ់, ចង់ឱ្យមានភាពវិលទៅប្រក្រតីនៅតាមព្រមដែនកម្ពុជា-ថៃឡើងវិញ , ចង់វិលត្រឡប់ទៅផ្ទះវិញ ចង់បានសន្តិភាព ដោយមិនមានការគម្រាមកំហែងពី ភាគីថៃ។ ជាមួយគ្នានោះ អង្គពិធីទាំងមូល បានបួងសួងសុំឱ្យវីរយុទ្ធជនទាំង ១៨រូបនោះត្រូវបានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព ហើយសូមឱ្យយមានភាពប្រក្រតីឡើងវិញតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
នៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានអំពាវនាម ទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ សូមរក្សាភាពអត់ធ្មត់ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើវីរកងទ័ពកម្ពុជា ជឿជាក់លើអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ផ្អែកលើ ច្បាប់អន្តរជាតិ និងការគោរពទំនាក់ទំនងដ៏ល្អ រវាងប្រទេសជិតខាង ដើម្បីអោយព្រំដែនកម្ពុជា-ថៃ ក្លាយជាតំបន់សន្តិភាព សាមគ្គី សុវត្ថិភាព និងការអភិវឌ្ឍន៍។
ជាចុងបញ្ចប់នៃព្រឹត្តិការណ៍នោះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជ្រៅដល់ប្រជាពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំង និងយុវជនទាំងអស់ ដែលបានចូលរួមនិមន្ត ដើរជាកម្លាំងគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដី និងសូមសូមទទួលបាននូវ សេចក្តីសុខ និងសេចក្តីចម្រើន ព្រមទាំង សមប្រកបតែនឹងពុទ្ធពរទាំង ០៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
២៤ សីហា ២០២៥
















