គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

ព្តឹត្តិការណ៍ រត់ម៉ារ៉ាតុង ក្រោមប្រធានបទ ” រត់ដើម្បីសន្តិភាព នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រវិហារ បានរៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ “រត់ដើម្បីសន្តិភាព” នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាបង្កើតបរិយាកាសស្និទ្ធស្នាល និងទំនាក់ទំនងល្អរវាងជនភៀសខ្លួនដែលកំពុងស្នាក់នៅទីនោះ តាមរយៈការរត់រួមគ្នា ពួកគាត់មិនត្រឹមតែបានហាត់ប្រាណប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្ដូរបទពិសោធន៍ និងផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក ក្នុងស្មារតីសាមគ្គីភាព និងក្តីសង្ឃឹម។

ការរត់ម៉ារ៉ាតុងនេះ បានបង្ហាញពីឆន្ទៈ និងក្ដីសង្ឃឹមដ៏មុតមាំរបស់មនុស្សគ្រប់រូប ទោះបីជាពួកគេបានឆ្លងកាត់រឿងរ៉ាវលំបាកដែលបានចាកចេញពីលំនៅឋាន រងគ្រោះពីការគម្រាបកំហែងដោយសារសង្រ្គាមឈ្លានពានពីសំណាក់កងទ័ពថៃយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែអាចចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពកីឡានេះ ដោយកម្លាំងចិត្តមោះមុត និងលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយគ្រប់ជំហាននៃការរត់ គឺមិនមែនគ្រាន់តែជាការវាស់ស្ទង់ចម្ងាយផ្លូវនោះទេ តែវាគឺជាការរត់ដើម្បីជម្នះឧបសគ្គផ្លូវចិត្ត និងផ្លូវកាយរបស់ខ្លួនឯង កសាងក្ដីសង្ឃឹមថា​ សភាពការណ៍ព្រំដែន និងឈានទៅរកភាពប្រក្រតីឡើងវិញនាពេលឆាប់ៗខាងមុខនេះ។

ពិធីនេះ ក៏បានប្រក្លាយជំរុំភៀសសឹក ទៅជាជាកន្លែងដែលប្រជាពលរដ្ឋបង្ហាញពីសាមគ្គីភាព ពុតដៃគ្នា ភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នា ការសន្ទនា និងការលើកទឹកចិត្តគ្នាទៅវិញទៅមកបានធ្វើឱ្យបរិយាកាសទាំងមូលពោរពេញទៅដោយភាពកក់ក្ដៅ គោលជំហដ៏រឹងមាំ ដើម្បីបង្ហាញទៅអន្តរជាតិថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សុទ្ធតែជាប្រជាជនដែលមានអរិយធម៌ខ្ពង់ខ្ពស់ ស្រឡាញ់សន្តិភាព និងកសាងមិត្តជាមួយប្រទេសជិតខាង។

ពិធីរត់ម៉ារ៉ាតុង “រត់ដើម្បីសន្តិភាព” នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ព្រះវិហារ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខ សុខុមាលភាព ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់រូប។

២៤ សីហា ២០២៥