


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ពព្រះវិហារ បាននាំយកត្រីងៀត ដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក និងលោកជំទាវ ខៀវ សស៊ីលាភ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅ ៤ទីតាំង ចំនួន ៧០០គ្រួសារ និងពិនិត្យមើលការស្នាក់នៅតាមមណ្ឌលសុវត្ថិភាព រួមមាន៖ វត្តពើងព្រះគោ និងវត្តពោធិ៍កែវមានជ័យស្ថិតនៅក្នុងស្រុកត្បែងមានជ័យ និងវត្តកំពង់សង្កែ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ការចុះចែកអំណោយនេះ គឺដើម្បីជួយសម្រាលបន្ទុកជីវភាព និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានរង ផលប៉ះពាល់។ ឯកឧត្តមបានសាកសួរសុខទុក្ខ និងស្ដាប់ដោយផ្ទាល់នូវក្ដីកង្វល់របស់បងប្អូន ព្រមទាំងបានថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋភៀសសឹកគ្រប់ៗគ្នា បានសម្ដែងនូវការព្រួយបារម្ភ និងដង្ហើយហៅឱ្យមានការវិលវិញនូវសុខសន្តិភាព ការគោរពអធិបតេយ្យភាព កម្ពុជា និងធានានូវប្រក្រតីឡើងវិញនតាមព្រំដែនកម្ពុជា-ថៃ ដែលរងផលប៉ះពាលយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមឈ្លានពានរបស់កងទ័ពថៃ។ កម្ពុជាធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងវិបត្តិជាច្រើន ដូច្នេះហើយ ទើបប្រជាជនខ្មែរគ្រប់រូបមានការស្រេកឃ្លានតម្រូវការយ៉ាងខ្លាំងនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ សន្តិភាពគឺជាកត្តាចម្បងបំផុតដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត អនុវត្តមុខរបរចិញ្ចឹមជីវិតដោយគ្មានការភ័យខ្លាច និងកសាងអនាគតដ៏ល្អប្រសើរសម្រាប់កូនចៅជំនាន់ក្រោយ។
គួររំលឹកផងដែរថា បន្ទាប់ពីមានការវាយប្រហាររបស់កងទ័ពថៃទាំងថ្មើជើង និងដែនអាកាសរំលោភទាំងកម្រោលមកលើដែនអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី២៤ រហូតដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក បានបណ្ដាលឱ្យកងទ័ព និងជនស៊ីវិលនៅកម្ពុជា រងរបួស និងស្លាប់បាត់បង់ជីវិត ខូចខាតហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម ផ្ទះសម្បែងប្រជាពលរដ្ឋ មណ្ឌលសុខភាព មន្ទីរពេទ្យ សាលារៀន ជាច្រើនកន្លែង ជាពិសេសគឺ គឺ មានប្រជាជនស៊ីវិល បានបានជម្លៀសចេញពីតំបន់សមរភូមិមកស្នាក់នៅទីតាំងសុវត្ថិភាព ក្នុងនោះ ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ មានចំនួនប្រមាណជា ១២.៤០៨គ្រួសារ ស្មើនឹងចំនួន ៤២.២៥០នាក់ ក្នុងនោះ មានទាំងមនុស្សចាស់ជរា ៧៩៦នាក់, ស្រ្តីមានផ្ទៃពោះ ២៧០នាក់, ជនពិកា ២៦៩នាក់ និងកុមារ ១១.២១០នាក់។ ភាពតានតឹងទាំងនេះ មិនត្រឹមតែបង្កឱ្យមានការរងរបួស និងស្លាប់យោធាប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅតាមតំបន់ព្រំដែនទាំងសងខាងផងដែរ។
ប្រជាជនកម្ពុជាទាំងអស់មានគោលជំហររួមមួយ គឺចង់បានការបញ្ឈប់ជាបន្ទាន់នូវរាល់ទម្រង់នៃការឈ្លានពាន និងការបង្កជម្លោះតាមព្រំដែន។ ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តព្រះវិហារគ្រប់រូប ចង់ឃើញព្រំដែនកម្ពុជា-ថៃវិលត្រឡប់មកប្រក្រតីភាពវិញ ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ប្រធានព្រឹទ្ធសភាព និងសម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ យកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីស្វែងរកសុខសន្តិភាព ការពារជាតិមាតុភូមិ ការពារ បូរណភាព ទឹកដី និងអធិបតេយ្យជាតិ ដោយបានស្វែងរការចរចារសន្តិភាពជាមួយភាគីថៃ ឈានដល់សម្រេចបាននូវការឯកភាពលើលក្ខខ័ណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងបង្កើនទំនាក់ ទំនងកងទ័ពទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី តាមរយៈ សហម្ចាស់ផ្ទះម៉ាឡេស៊ី និងសហរដ្ឋអាមេរិក និងមានការចូលរួមយ៉ាងសកម្ម ពីសាធារណរដ្ឋ ប្រជាមានិតចិន។
កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចទាំងទ្វេរ និងថ្នាក់ដឹកនាំក្រសួងការបរទេស ក្រសួង ការពារជាតិ ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត ក្នុងការស្វែងរកការចរចារដោះស្រាយជម្លោះ ប្រដាប់អាវុធ និងការពារសង្រ្គាមមហន្តរាយជាមួយភាគីថៃ តាមរយៈការទូត បានឯកភាពគ្នាលើបទ ឈប់បាញ់ និងលក្ខខណ្ឌមួយចំនួនទៀត សំដៅបញ្ចៀសជម្លោះប្រដាប់អាវុធ ការបំផ្លិចបំផ្លាញ ដោយសង្រ្គាម ការពារអាយុជីវិតមនុស្ស និងត្រួសត្រាយស្ការឡើងវិញនូវសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមព្រំដែន។
ក្នុងបរិការនៃសង្រ្គាមឈ្លានពាននេះ ការចូលរួមពីសហគមន៍អន្តរជាតិ ជាពិសេសតាមរយៈយន្តការរបស់អង្គការសហប្រជាជាតិ គឺមានសារៈសំខាន់ណាស់ក្នុងការធានាថាជម្លោះនេះនឹងត្រូវបានដោះស្រាយដោយយុត្តិធម៌ និងអហិង្សា។ តាមរយៈការចរចាដោយតម្លាភាព និងការអនុវត្តនូវសេចក្ដីសម្រេចចិត្តរបស់តុលាការអន្តរជាតិ ប្រទេសទាំងពីរអាចនឹងរកឃើញដំណោះស្រាយដែលផលប្រយោជន៍ទៅវិញទៅមក។
ជាចុងក្រោយ សូមបួងសួងឱ្យសន្តិភាព និងការគោរពអធិបតេយ្យភាពជាតិក្លាយជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងកម្ពុជា និងថៃ។ ការរស់នៅដោយសុខដុមរមនីយកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង នឹងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ។
២០ សីហា ២០២៥

















