



លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ និងទូរទស្សន៍បាយ័ន្ត បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ប្រគេនព្រះសង្ឃ ជូនប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋ កុមារ និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារ ដែលពុំបានជម្លៀសចេញពីព្រំដែន ដែលមានសមរភូមិប្រយុទ្ធសង្គ្រាមឈ្លានពានពីកងទ័ពថៃកន្លងទៅ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន្ត បាននាំយកអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានអង្ករ កន្ទេល ថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ ចូលរួមរំលែកទុក្ខដល់វីរៈយុទ្ធជន ឈាង ញេប វរៈការពារដែនអាកាស នៃកងពលធំអន្តរាគមន៍លេខ៣ ដែលមានប្រពន្ធឈ្មោះ ឡុង ច្រិប អាយុ ៥១ឆ្នាំ បានស្លាប់ដោយរោគាពាធ។ លោកជំទាវបានស្ដែងនូវការរំឡែកសមានទុក្ខដ៏សោកសៅក្រៀមក្រំ និងការអាណិតអាសូរជាទីបំផុតជាមួយក្រុមគ្រួសារសព ដែលការបាត់បង់នេះ គឺជាការបាត់បង់ភរិយា និងម្ដាយដ៏ល្អ ដែលតែងតែមានសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងការលះបង់ដ៏ថ្លៃថ្លាសម្រាប់ក្រុមគ្រួសារ។
នេះបង្ហាញពីការយកចិត្តទុកដាក់ ការចាត់ទុកវីរៈយុទ្ធជនជាធនធានដ៏សំខាន់របស់ប្រទេសជាតិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី ឡុង ច្រិប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ក៏បានយកថវិកាផ្ទាល់ខ្លួនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ។
លោកជំទាវក៏បានបន្តដឹកនាំប្រតិភូនាំយកទេយ្យវត្ថុ និងអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគេនព្រះសង្ឃនៅវត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចំនួន ២៤វត្ត។ ជាមួយគ្នានេះ លោកជំទាវក៏បានចែកអំណោយគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០០គ្រួសារ និងសម្ភារសិក្សាដូចជាកាតាបដល់សិស្សសាលាផងដែរ។ ពិធីនេះបានធ្វើឡើងនៅ វត្តស្រអែមរតនារាម ភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកជំទាវបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការគិតគូរខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ជូនចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ សកម្មភាពមនុស្សធម៌នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត ក៏ដូចជាជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
អំណោយទាំងអស់នេះ មិនត្រឹមតែជាជំនួយសម្រាប់ដោះស្រាយការលំបាកប្រចាំថ្ងៃប៉ុណ្ណោះទេ តែវាក៏ជាការលើកទឹកចិត្ត និងជាការបង្ហាញពីការចងចាំជានិច្ចនូវវីរភាពរបស់ពួកគាត់ ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ថែរក្សាប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងឆ្លុះបញ្ចាំងអំពី ការគិតគូរបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់អំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ គិតគូអំពីសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
១៩ សីហា ២០២៥



























