

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន៖ ឈុតឆ្នាំង ចាន វែកបាយ វែកសម្លរ និងស្លាបព្រា ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
អំណោយចានឆ្នាំងនេះ មិនត្រឹមតែជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែក៏ជានិមិត្តរូបនៃក្ដីសង្ឃឹម និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ព្រមទាំងបានបង្ហាញពីការគិតគូរយ៉ាងហ្មត់ចត់លើតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារៈប្រើប្រាស់ក្នុងគ្រាអាសន្ន។
នៅក្នុងក្នុងឱកាសនេះ ឯកឧត្តមអភិបាកខេត្ត ក៏ដូចជាប្រជាពលរដ្ឋភៀសសឹកទាំងអស់ បានសម្ដែងនូវការដឹងគុណនូវគុណូបការៈដ៏ធំធេង សម្តេចតេជោ ប្រធានព្រឹទ្ធសភាព និងសម្តេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំ យកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីស្វែងរកសុខសន្តិភាព ការពារជាតិមាតុភូមិ ការពារបូរណភាព ទឹកដី និងអធិបតេយ្យជាតិ ដោយបានស្វែងរការចរចារសន្តិភាពជាមួយភាគីថៃ ឈានដល់សម្រេច បាននូវការឯកភាពលើលក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងបង្កើនទំនាក់ទំនងកងទ័ពទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី តាមរយៈ សហម្ចាស់ផ្ទះម៉ាឡេស៊ី និងសហរដ្ឋអាមេរិក និងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចខិតខំប្រឹង ប្រែងរបស់ សម្តេចទាំងទ្វេរ និងថ្នាក់ដឹកនាំក្រសួងការបរទេស ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ សំខាន់ៗជាច្រើនរូបទៀត ក្នុងការស្វែងរកការចរចារដោះស្រាយជម្លោះប្រដាប់អាវុធ និងការពារសង្រ្គាម មហន្តរាយជាមួយភាគីថៃ តាមរយៈការទូត បានឯកភាពគ្នាលើបទឈប់បាញ់ និងលក្ខខណ្ឌមួយ ចំនួនទៀត សំដៅបញ្ចៀសជម្លោះប្រដាប់អាវុធ ការបំផ្លិចបំផ្លាញដោយសង្រ្គាម ការពារអាយុជីវិត មនុស្ស និងត្រួសត្រាយស្ការឡើងវិញនូវសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមព្រំដែន។
ដឹងគុណនូវគុណូបការៈដ៏ធំធេងរបស់ វីរកងយោធពលខេរភូមិន្ទ និងកងនគរបាលជាតិ ដែលបានបូជាលះបង់សាច់ស្រស់ឈាមស្រស់ ប្រកបដោយឆន្ទៈដ៏ក្លាហានមោះមុត ភក្ដីភាព ក្នុង ការបំពេញបេសកកម្មការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ និងសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីទាំងអស់ សូមឱ្យ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សម្តេចសង្ឃរាជទាំង២គណៈ, ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានា រាជធានី ខេត្ត និងសប្បុរសជនទាំងអស់ ដែលជានិច្ចកាល តែងគិតគូ យកចិត្តទុកដាក់ជាប់ជាប្រចាំ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាជនយើង ដែល រស់នៅតាមបណ្តាយព្រំដែន ជាពិសេសគឺ តែងតែអញ្ជើញមក សួរសុខទុក្ខ និងឧបត្ថម្ភគាំទ្រ សម្ភារ ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងទៀត ដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទូទាំងខេត្តព្រះវិហារទាំង ១៥ទីតាំង និងផ្ទះបងប្អូនសាច់ញាតិ លើ ៧ក្រុង ស្រុក ដែលមានចំនួនរហូតដល់ ១២.៤០៨គ្រួសារ ស្មើនឹងចំនួន ៤២.២៥០នាក់។
១៦ សីហា ២០២៥







