




ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារវីរៈយុទ្ធជន មានទីលំនៅក្នុងខេត្តព្រះវិហារ ចំនួន ០៥រូប ដែលត្រូវបានចាប់ខ្លួនដោយទាហានសៀមកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមបានថ្លែងនូវការសាកសួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅរបស់សម្ដេច ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងទ័ព និងគ្រួសារយុទ្ធជនគ្រប់រូប។ សម្ដេចប្រធានបានផ្ដាំផ្ញើមកថា កុំឱ្យមានការព្រួយបារម្ភអី រាជរដ្ឋាភិបាល នឹងបន្តតាមដាន និងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះឱ្យបានល្អបំផុត ដើម្បីឱ្យវីរយុទ្ធជនរបស់យើងបានវិលត្រឡប់មកផ្ទះវិញក្នុងពេលឆាប់ៗនេះ។
គួររំលឹកផងដែរថា ក្រោយបទឈប់បាញ់ចូលជាធរមាន នៅយប់រំលងអធ្រាត ថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥ កងទ័ពថៃ បានចូលមកចាប់ខ្លួនទាហានខ្មែរ ចំនួន ២០រូប ហើយបានដោះលែងមកវិញចំនួន ២រូប កាលពីថ្ងៃទី១ សីហា ឆ្នាំ២០២៥ ដោយទាហានខ្មែរទាំង ២រូបនោះ មានស្ថានភាពសុខភាពធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ដោយស្ថិតក្រោមការយកចិត្តទុកដាក់ពិនិត្យមើលសុខភាពជាប្រចាំ។
ដោយឡែកទាហានខ្មែរ ១៨រូបទៀត ត្រូវបានភាគីថៃ បន្តធ្វើជាចំណាប់ខ្មាំងដដែល បើទោះជាកម្ពុជា បន្តទាមទារស្នើសុំឱ្យថៃប្រគល់ទាហានខ្មែរមកវិញ ម្ដងហើយម្ដងទៀតក្តី។ ករណីនេះ ភាគីកម្ពុជា នៅតែអំពាវនាវ និងរិះរកមធ្យោបាយចរចារការទូតគ្រប់រូបភាព ដើម្បីស្នើសុំឱ្យភាគីថៃ ដោះលែងទាហានកម្ពុជាមកវិញ ជាពិសេស ស្នើឱ្យភាគីថៃ ត្រូវគោរពតាមគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ ក៏ដូចជាការអំពាវនាវរបស់បណ្ដាដៃគូបរទេស និងសហគមអន្តរជាតិផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានបញ្ជាក់បន្ថែមប្រាប់បងប្អូនប្រជាពលរដ្ឋផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការពារជាតិ, កងយោធពលខេមរភូមិន្ទ និងសហគមអន្តរជាតិ នឹងបន្តទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ក្នុងារដោះលែងវីរយុទ្ធជនកម្ពុជាទាំង ១៨រូបឱ្យវិញត្រឡប់មកកម្ពុជា វិញ នឹងសូមឱ្យភាគីថៃ គោរពនូវលក្ខខណ្ឌនានា នៃបទឈប់បាញ់ សំដៅស្ការសន្តិភាព ស្ថិរភាព និងសន្តិសុខព្រំដែនកម្ពុជា-ថៃ ប្រក្រតីឡើងវិញ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងជឿជាក់លើប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម្រ្តី និងជឿជាក់លើវីរកងទ័ពកម្ពុជា ដែលបានប្ដេជ្ញាបំពេញការងារប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ កម្ពុជា នៅតែគោរពតាមលក្ខខណ្ឌ នៃបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ លទ្ធផលនៃបទឈប់បាញ់នេះ ក្រោមកិច្ចសម្របសម្រួលកិច្ចប្រជុំពិសេសមួយ ពីសំណាក់មេដឹកនាំម៉ាឡេស៊ី អាម៉េរិក និងចិន។
សកម្មភាពទាំងអស់នេះ គឺរឹតតែបង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះវីរយុទ្ធជនដែលបានបំពេញភារកិច្ច ដើម្បីការពារបូរណភាពទឹកដី។ ឯកឧត្តមបានបន្ថែមថា គ្រប់ការលះបង់ទាំងអស់របស់វីរៈយុទ្ធជន ត្រូវបានថ្នាក់ដឹកនាំជាតិចងចាំ និងដឹងគុណជានិច្ច ហើយក្រុមគ្រួសាររបស់ពួកគាត់នឹងមិនត្រូវបានគេបំភ្លេចចោលឡើយ។
១៤ សីហា ២០២៥

















