



ពិតជាគួរឱ្យសង្វេគណាស់ ដោយសារតែមហិច្ចតាបង្កសង្គ្រាមឈ្លានពានពីកងទ័ពថៃ បានបង្កទុក្ខលំបាកពលរដ្ឋខេត្តព្រះវិហាររាប់ម៉ឺននាក់ មានទាំងចាស់, ក្មេង, ស្រ្តីមានផ្ទៃពោះ, កុមារ,និងជនពិកា ដែលរស់នៅតាមតំបន់ជម្លោះព្រំដែន ក្នុងស្រុកជាំក្សាន្ដ ត្រូវបង្ខំចិត្តចាកចេញពីភូមិឋាន មកស្នាក់នៅទីសុវត្ថិភាពនានាដែលរៀបចំដោយជ្ញាធរខេត្ត។
រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កាកបាតក្រហមកម្ពុជា និងវិស័យពាក់ព័ន្ធ កំពុងតែមមាញឹកក្នុងការរៀបចំសង់ជម្រកសម្រាប់ស្នាក់នៅ, និងចែកគ្រឿងឧបភោគ បរិភោគចាំំបាច់ផ្សេងៗ ខណៈប្រជាពលរដ្ឋជាច្រើន នៅតែបន្ដជម្លៀសខ្លួនពីតំបន់ជម្លោះព្រំដែនមកកាន់ទីនេះ ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពជាហូរហែរ។
ទង្វើឈ្លានពានយ៉ាងគន្លើននេះ បានធ្វើឱ្យប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស និងមជ្ឈដ្ឋានអន្តរជាតិ សម្តែងនូវការថ្កោលទោសចំពោះអំពើឈ្លានពាន និងការប្រើប្រាស់សព្វាវុធ ធុនធ្ងន់គ្រប់ប្រភេទ ព្រមទាំងយុទ្ធោបករណ៍ដែលត្រូវបានហាមប្រាមដោយអនុសញ្ញាអន្តរជាតិពីសំណាក់កម្លាំង ប្រដាប់អាវុធរបស់ថៃ មកលើជនស៊ីវិល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដី កម្ពុជា ដែលអំពើទាំងនេះប្រាសចាកពីគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ដែលមានចែងក្នុង ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ។
ជាមួយគ្នានោះ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស និងនៅគ្រប់ទិសទី មានការគាំទ្រ និងជឿជាក់មកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដ៏ឈ្លាសវៃស្វាហាប់ ក្នុងការបន្តថែរក្សា និងការពាររឹងមាំនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ក្រោម ព្រះបារមីដ៏ពិសិដ្ឋនៃព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរ ៕
រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ភាគីថៃនៅតែបន្តបាញ់អាវុធធន់ធ្ងន់ និងថ្មើជើងរុលចូលក្នុងទឹកដីកម្ពុជា ខណៈខ្លួនព្រមព្រៀងឱ្យមាន «បទឈប់បាញ់» តាមគំនិតផ្ដួចផ្ដើម របស់ប្រធានាធិបតីអាមេរិក។



















