





ដោយមានការចង្អុលបង្ហាញពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលក្រុងព្រះវិហារ និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ នៅបរិវេណសាលាក្រុងព្រះវិហារ ខេត្តព្រះវិហារ មានប្រជាពលរដ្ឋ មន្ដ្រីរាជការ វិស័យឯកជន ព្រមទាំងព្រះសង្ឃ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត យ៉ាងច្រើនកុះករ។
សកម្មមនុស្សធម៌នេះ បានបង្ហាញឱ្យឃើញអំពីទឹកចិត្តស្នេហាជាតិ មាតុភូមិដ៏មុតមាំ ក្នុងខណៈពេលដែល កងទ័ពសៀម បាន និងកំពុងតែប្រើប្រាស់សព្វាវុធគ្រប់ប្រភេទ វាយចូលឈ្លានទាំងកំរោល រំលោភចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា ចាប់តាំងពីព្រឹកវេលាម៉ោង ០៨៖៤៧នាទី ចាប់ពីចំណុចប្រាសាទតាមាន់ធំ និងចំណុចផ្សេងៗទៀត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ រហូតដល់ភូមិសាស្រ្តខេត្តព្រះវិហារ នៅចំណុចភ្នំខ្មោច និងបន្តពង្រីកនៅតាមបណ្តោយព្រំដែន រីករាល ដាលដល់តំបន់មុំបី ហើយរហូតមកដល់ពេលនេះ ការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធនៅពុំទាន់បានបញ្ចប់នៅឡើយ។
ការចូលរួមបរិច្ចាគឈាម ដែលរៀបចំនៅរដ្ឋបាល ក្រុងព្រះវិហារ នាឱកាសនេះ គឺ មានការចូលរួមពី ព្រំសង្ឃ មន្រ្តីរាជការ កងកម្លាំង វិស័យឯកជន យុវជន និងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ដែលនេះគឺពិតតជាបាន ស បញ្ជាក់ឱ្យ ឃើញអំពី ស្មារតី ឆន្ទៈ មនសិកាស្នេហាជាតិ ដ៏ធំធេងរបស់បងប្អូន យើងទាំងអស់គ្នា ក្នុងស្មារតីខ្មែរតែមួយ ជួយគ្នាក្នុងគ្រាអាសន្នគឺមាន ន័យថា ” ការបរច្ចាគ ឈាម ១សាក់ របស់បងប្អូន អាចជួយសង្រ្គោះ អាយុជីវិត កងកម្លាំង ឬប្រជាពលរដ្ឋ ១នាក់ ” ។
ក្នុងឱកាសនោះ សមាជិកសមាជិកា នៃអង្គពិធីទាំងអស់ បានសម្ដែងនូវទឹកចិត្តប្តេជ្ញា ក្នុងនាមជាកម្លាំង សមរភូមិក្រោយ គាំទ្រសមរភូមិមុខ ឱ្យអស់ពីលទ្ធភាព និងតាមគ្រប់មធ្យោបាយ ទៅតាមអ្វីដែលអាច ធ្វើបាន ពោលគឺ ក្នុងករណីមានតម្រូវការចាំបាច់ណាមួយ យើងទាំង អស់គ្នាក៏អាចដូរសម្លៀកបំពាក់ ឯកសណ្ឋានកងទ័ព ដើម្បីចូលរួម ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា របស់យើង ផងដែរ។
នៅក្នុងអង្គពិធីនោះ លោកអភិបាលក្រុងព្រះវិហារក៏បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំង វិស័យឯកជន យុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់ លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនា តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិយើង។
ជាមួយគ្នានោះ អង្គពិធីទាំងមូលក៏បានសម្តែងនូវការសូមរួមគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ ទង្វើគ្មានការគិតគូរ និង អរិភាពរបស់ប្រទេសថៃ ដែលបានឈ្លានពានខាងយោធាដោយគ្មាន មូលហេតុមកលើកម្ពុជា ដែលវាមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងរំលោភ បំពានយ៉ាងគឃ្លើន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិផងដែរ។
ចំពោះសកម្មភាពរំលោភបំពាននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវ នាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ ដែលអាចធ្វើឱ្យស្ថានការណ៍ កាន់តែ តានតឹងបន្ថែមទៀត។ ចំពោះគោលជំហររបស់កម្ពុជាយើង បាន បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ហើយយ៉ាងណាក៏ដោយ កម្ពុជា ក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបាន ទទួលស្គាល់ក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ នឹង ចាត់រាល់វិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនខ្លួនកម្ពុជា។
ការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តខាងលើនេះ ពិតជាមានសារសំនខាន់ណាស់ក្នុងការជួយសង្រោះអាយុជីវិតអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ និងសម្រាប់ត្រៀមបម្រុងទុកសម្រាប់ករណីបន្ទាន់ណាមួយ នៃបុព្វហេតុមនុស្សធម៌ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន។












