គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

កងទ័ពថៃបាញ់ផ្លោងកាំភ្លើងធំ និងទម្លាក់គ្រាប់បែក ពីលើអាកាស លើប្រាសាទព្រះវិហារ បំផ្លាញបេតិកភណ្ឌពិភពលោក

ចាប់ពីវេលាម៉ោង ០៨៖៤៧នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា នៅតាមព្រំដែនចាប់ពីខេត្តឧត្តរមានជ័យរហូតដល់តំបន់​មុំបី ស្ថិតក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ ជម្រាបជូនសហគមន៍អន្តរជាតិ និងសាធារណជនឲ្យបានជ្រាបថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនាមកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបីក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។

រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះរបស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយគ្មានមូលហេតុបែបនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។

កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់ រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនខ្លួន៕

អំពើឈ្លានពានរបស់ថៃនេះ បានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ បេតិកភណ្ឌ ពិភពលោក និងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។

ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែក ពីលើអាកាស គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ជាពិសេសមិនគោរពទៅតាមអនុសញ្ញា អន្តរជាតិនានា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ជាអាទិ៍៖

អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ នៃជម្លោះប្រដាប់អាវុធ

ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និង គណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌

អនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។

ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិទាំងនេះ ប្រទេសថៃ មានកាតព្វកិច្ចគោរព ការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ហើយត្រូវចៀសវាងការប្រើប្រាស់យោធា ការវាយប្រហារ ឬការបង្កគ្រោះថ្នាក់ដល់តម្លៃលេចធ្លោ ជាសកលរបស់បេតិកភណ្ឌ។ ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និង ការរំលោភលើច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។

សកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួម របស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពីសំណាក់ ប្រទេសថៃផងដែរ។

ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ការ ខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា សូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពបាញ់ផ្លោងមកលើ តំបន់ប្រាសាទព្រះវិហារ និងតំបន់ការពារប្រាសាទនេះ។

ករណីនេះ ភាគីកម្ពុជា នឹងធ្វើការវាយតម្លៃលម្អិត ចងក្រងឯកសារពាក់ព័ន្ធ រួមទាំងការខូចខាតនានា ស្របតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមផ្លូវច្បាប់អន្តរជាតិជាធរមាន ព្រមទាំងពង្រឹងកិច្ច សហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការអន្តរជាតិ ដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែង នៅក្នុងពិធីសារទីពីរនៃអនុសញ្ញាទីក្រុងឡាអេ។

ភាគីកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេក្នុងការការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ទោះជាកំពុងស្ថិតក្នុងស្ថានភាពទទួលរងការឈ្លានពានប្រដាប់អាវុធពីប្រទេសជិតខាងក៏ដោយ។