គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

ឯកឧត្តម គីម រិទ្ធី ដឹកនាំក្រុមការងារ រៀបចំសណ្ដាប់ធ្នាប់ទទួលជនភៀសខ្លួននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។ ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាបាននូវទីកន្លែងស្នាក់នៅ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ប្រកបដោយអនាម័យ និងរបៀបរៀបរយ សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈម និងកំពុងផ្ទុះអាវុធនៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត។

ជាក់ស្ដែង រថយន្ត គោយន្ត រ៉ឺម៉ក​ និងម៉ូតូ បានបន្តហូរហែរគ្មានដាច់ ខណៈដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ទាំងក្មេង ទាំងចាស់ ប្រុសស្រី បានជម្លៀសខ្លួនជាបន្តបន្ទាប់មកកាន់មណ្ឌលសុវត្ថិភាព ទាំងទឹកមុខស្រពាប់ស្រពន់ ពោរពេញដោយក្ដីបារម្ភ និងភាពភ័យខ្លាច បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាមសូមឱ្យបងប្អូនទាំងអស់គ្នា មានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសព្វបំផុត របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងទ្វេរ តែងតែគិតគូរពីប្រយោជន៍ជាតិជាធំ និងការពារដាច់ខាតនូវបូរណភាព ទឹកដី និងអធិបតេយ្យជាតិ ហើយដោយមានការចូលរួមគាំទ្រពីបងប្អូន ទាំងអស់គ្នា យើងពិតជានឹងទទួលបានជ័យជំនះ “ខ្មែររស់រានជា រៀងរហូត! ” ។

រដ្ឋបាលខេត្តព្រះវិហារ ដែលមានឯកឧត្តម គីម រិទ្ធី ជាអភិបាលខេត្ត បាននិងកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំ និងផ្ដល់ទីជម្រកបណ្ដោះអាសន្ន និងការគាំទ្រចាំបាច់នានាដល់ពួកគាត់ សម្ដៅធ្វេីយ៉ាងណារក្សាបាននូវសុខសុវត្ថិភាព និងមានលទ្ធភាពរស់នៅប្រចាំថ្ងៃជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ។