



នៅវត្តពោធិ៍ ៥០០០ បានទទួលនូវវត្តមានដ៏វិសេសវិសាលរបស់ ព្រះតេជគុណ មហានរិន្ទថន ហៅលោកតាស៊ុច ដែលបានអញ្ជើញនិមន្តជាកិត្តិយសដើម្បីសម្តែងធម៌ទេសនា ប្រោសព្រំដល់បងប្អូនប្រជាពលរដ្ឋយើង ដែលបានភៀសខ្លួនពីតំបន់ព្រំដែន មកស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ស្ថិតក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។
ការនិមន្តមកដល់របស់លោកតាស៊ុច ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។ វត្តមានរបស់លោកតា មិនត្រឹមតែនាំមកនូវពុទ្ធឱវាទដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយទុក្ខកង្វល់ និងផ្តល់កម្លាំងចិត្តដល់បងប្អូនជនភៀសខ្លួន ដែលកំពុងប្រឈមមុខនឹងការលំបាកក្នុងជីវភាពរស់នៅបណ្តោះអាសន្ន។
វត្តមានរបស់ព្រះអង្គ បាននាំមកនូវក្តីសង្ឃឹម ភាពកក់ក្តៅ និងកម្លាំងចិត្តដ៏មហាសាលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាក និងការភ័យខ្លាចដោយសារស្ថានការណ៍នៅតាមបណ្ដោយព្រំដែន តាមរយៈ ការសម្តែងព្រះធម៌ទេសនាដ៏មានអត្ថន័យជ្រាលជ្រៅ ដោយបានរំលេចនូវព្រះធម៌ដំបូន្មានសំខាន់ៗអំពីការអត់ធ្មត់ ការតស៊ូជំនះឧបសគ្គ ការរស់នៅដោយធម៌ ក៏ដូចជាការរក្សាចិត្តឱ្យស្ងប់ក្នុងគ្រប់កាលៈទេសៈ។ ព្រះអង្គបានពន្យល់អំពីសេចក្ដីល្អ និងអំពើបុណ្យដែលជាទីពឹងពាក់ពិតប្រាកដក្នុងជីវិត និងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់បន្តជំនឿលើព្រះពុទ្ធសាសនា និងរក្សានូវសុចរិតភាព។
ក្រោយពីបានសម្តែងធម៌ទេសនារួចមក ព្រះតេជគុណ មហានរិន្ទថន ក៏បានបន្តប្រោសព្រំដល់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីបណ្តេញនូវឧបទ្រពចង្រៃទាំងឡាយ និងសូមជូនពរឱ្យពួកគាត់ទទួលបានសេចក្តីសុខសាន្ត ផុតចាកទុក្ខភ័យ និងវិលត្រឡប់ទៅលំនៅឋានដើមវិញដោយសុវត្ថិភាព។ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ ហាក់ដូចជាបានធូរស្បើយក្នុងចិត្ត និងទទួលបានថាមពលវិជ្ជមានជាច្រើនពីការប្រោសព្រំរបស់ព្រះអង្គ។ ទឹកមុខរបស់ពួកគាត់បានបង្ហាញពីក្តីរំភើប និងការគោរពដ៏ជ្រាលជ្រៅចំពោះព្រះធម៌ទេសនា និងការយកចិត្តទុកដាក់របស់ព្រះតេជគុណ។
វត្តពោធិ៍ ៥០០០ ត្រូវបានរៀបចំឡើងជាមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្នសម្រាប់ទទួលជនភៀសខ្លួនពីតំបន់ព្រំដែន ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តព្រះវិហារ ក៏ដូចជាព្រះចៅធិការវត្តពោធិ័ ៥០០០ដើម ក្នុងការផ្គត់ផ្គង់ស្បៀងអាហារ ទីជម្រក សម្ភារប្រើប្រាស់ ការសិក្សារបស់កុមារ សុខុមាលភាព និងសេវាសង្គ្រោះបឋមនានា។ ចំពោះការអញ្ជើញនិមន្តរបស់ព្រះតេជគុណ មហានរិន្ទថន នាពេលនេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ស្មារតី និងជួយសម្រាលទុក្ខលំបាកផ្នែកផ្លូវចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ។
អាជ្ញាធរខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះតេជគុណ មហានរិន្ទថន ដែលបានឆ្លៀសពេលដ៏មមាញឹកនិមន្តមកដល់ខេត្តព្រះវិហារ ដើម្បីសម្តែងធម៌ទេសនា និងប្រោសព្រំដល់បងប្អូនប្រជាពលរដ្ឋយើង។ កាយវិការដ៏ប្រពៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីសេចក្ដីមេត្តាករុណារបស់ព្រះអង្គ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
២០ កក្ដដា ២០២៥







