គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

ប្រលែងកូនត្រី និងត្រីមេពូជជាង ៣៥,០០០ក្បាល ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ

រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីប្រលែងកូនត្រី និងត្រីមេពូជប្រមាណជាង ១០០គីឡូក្រាម ស្មើនិងប្រមាណជាង ៣៥,០០០ក្បាល ចូលទៅក្នុងធម្មជាតិបង្កើនធនធានជលផលឡើងវិញ ដើម្បីអបអរសាទរ «ទិវាមច្ឆាជាតិ ០១កក្កដា» ឆ្នាំ២០២៥។ ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ ខុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ការប្រលែងកូនត្រី និងត្រីមេពូជនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិឱ្យស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ ហើយដើម្បីធានាការគ្រប់គ្រងធនធានជលផល រាជរដ្ឋាភិបាលបានរៀបចំឱ្យមានច្បាប់ស្តីពីជលផល ដែលនឹងក្លាយជាឧបករណ៍គតិយុត្តិថ្មី ស្របនឹងបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

១១ កក្កដា ២០២៥