គីម រិទ្ធី KIM Rithy

.

ដើម្បីការអភិវឌ្ឍន៍មូលដ្ឋាន

ក្រុមមគ្រូពេទ្យជួយសង្គ្រោះស្ត្រីសម្រាលកូនលើគោយន្តដោយជោគជ័យ នៅស្រុកគូលែន!

ក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាពគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងភាពវៃឆ្លាតក្នុងការឆ្លើយតបទៅនឹងករណីបន្ទាន់មួយ ដោយបានជួយសង្គ្រោះស្ត្រីម្នាក់ដែលឈឺពោះសម្រាលកូននៅលើគោយន្ត តាមបណ្តោយផ្លូវដាច់ស្រយាលមួយកន្លែង។

ករណីនេះបានកើតឡើង បន្ទាប់ពីលោកប្រធានមណ្ឌលសុខភាពគូលែន បានទទួលទូរស័ព្ទពីក្រុមប្រឹក្សាឃុំគូលែនជើង បានរាយការណ៍ថា មានប្អូនស្រីម្នាក់ឈ្មោះ ពៅ សារឿន ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិពោធិ៍រៀង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ កំពុងឈឺពោះសម្រាលកូននៅលើគោយន្ត ពេលកំពុងធ្វើដំណើរតាមដងផ្លូវក្នុងតំបន់ដាច់ស្រយាល។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកប្រធានមណ្ឌលសុខភាព បានចាត់ឱ្យមន្ត្រីឆ្មបម្នាក់ រួមជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ ចេញទៅជួយអន្តរាគមន៍ជាបន្ទាន់។ ក្រុមការងារសង្គ្រោះ បានទៅដល់ទីតាំងកើតហេតុទាន់ពេលវេលា ហើយបានជួយសម្រាលកូននៅលើគោយន្តនោះតែម្តង។

ជាលទ្ធផលប្រតិបត្តិការជួយសង្គ្រោះនេះទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយម្តាយ និងទារកដែលជាកូនប្រុសទី២ របស់គាត់ មានទម្ងន់ ៣,២ គីឡូក្រាម មានសុខភាពល្អទាំងពីរនាក់។ បន្ទាប់ពីសម្រាលរួច ក្រុមគ្រូពេទ្យក៏បានបញ្ជូនពួកគាត់ទាំងពីរនាក់ មកសម្រាកនៅមណ្ឌលសុខភាពគូលែន ដើម្បីតាមដានសុខភាពបន្ត និងធានាបាននូវសុវត្ថិភាពពេញលេញ។

ថ្ងៃព្រហស្បតិ៍ ទី១០ កក្កដា ២០២៥