អង្គការ និងក្រុមហ៊ុនផលិតទឹកសុទ្ធចំនួន ០២ រួមមានអង្គការ ១០០១ (O.We) និងក្រុមហ៊ុន គូឡារ៉ា វ៉ធើរ Kulara Water (ផលិតទឹករ៉ែធម្មជាតិ អូគូលែន) បាននិងកំពុងផ្តល់ទឹកពិសារជាប្រចាំដោយឥតគិតថ្លៃ សម្រាប់ប្រជាពលរដ្ឋដែលបានមកស្នាក់នៅវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ស្របទៅនឹងការស្នេីសុំពី លោក ប៉ែន ជឹង អភិបាលស្រុក។ ការផ្ដល់ជូននេះ នឹងបន្ដជាបន្ដបន្ទាប់ទៀត ដេីម្បីធានាថាប្រជាពលរដ្ឋដែលជម្លៀសខ្លួនមកតាំងស្នាក់នៅក្នុងជំរុំសុវត្ថិភាព មានទឹកពិសារគ្រប់គ្រាន់។
ក្នុងនោះ៖ អង្គការទឹកសុទ្ធ ១០០១ (O.We) បានផ្តល់ជូនទឹកចំនួន ២០០កាដុង ស្មើនឹង ៤,០០០លីត្រក្នុងមួយថ្ងៃ និងក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ផ្តល់ជូនទឹកដោយប្រើរថយន្តដឹកជញ្ជូន ដែលជួនកាលចំនួន ១រថយន្ត ឬ ២រថយន្ត ក្នុងមួយថ្ងៃ ចាប់តាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ រហូតមកទល់បច្ចុប្បន្ន (ប្រមាណជា ៥ម៉ឺនលីត្រត្រូវបានផ្ដល់រួចរាល់មកហេីយ) ទៅតាមតម្រូវការជាក់ស្តែង និងការផ្តល់ដំណឹងពីក្រុមការងារប្រចាំការនៅវត្តពោធិ៍ ៥០០០ដើម។
០៦ កក្កដា ២០២៥

